រូប
Appearance
រូប ជាទួទៅសំដៅលើវត្ថុដែលយើងអាចមើលឃើញ នៅចំពោះយើង ។
និយមន័យ
[កែប្រែ]- ដោយផ្អែកលើវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត រូប គឺជាធម្មជាតិដែលប្រែប្រួល ឬវិនាសដោយហេតុផ្សេងៗ មានក្តៅ និងត្រជាក់ជាដើម។
- រូប គឺអ្វីៗដែលប្រាដកដល់ភ្នែក គឺអ្វីៗដែលគេអាចមើលឃើញ ដូចជារាង សណ្ឋាន ទ្រង់ ទ្រង់ទ្រាយ អង្គ ខ្លួន ខ្លួនប្រាណ លំអ ។ល។
- ន័យម្យ៉ាងទៀត ពាក្យថារូប គឺគេប្រើដាក់ខាងចុងចំនួន ដូចជា ភិក្ខុមួយរូប, សាមណេរពីររូបជាដើម។
- ពាក្យរូបនេះ គេប្រើសម្រាប់ផ្គុំជាមួយនឹងពាក្យដទៃ ដូចជា រូបថត, រូបភាព, ព្រះពុទ្ធរូប, រូបគំនូរ ជាដើម។
ន័យក្នុងព្រះពុទ្ធសាសនា
[កែប្រែ]រូបក្ខន្ធ គឺជាកងរូប ប្រជុំនៃរូប។ រូបខន្ធ គឺជាខន្ធមួយក្នុងចំណោមខន្ធទាំង៥ មាន រូប, វេទនា, សញ្ញា, សង្ខារ, និងវិញ្ញាណ។
រូប២៨
[កែប្រែ]រូប២៨ គឺ មហាភូតរូប៤ ប្រសាទរូប៥ វិសយរូប៤ ភាវរូប២ ហទយរូប១ ជីវិតរូប១ អាហាររូប១ បរិច្ឆេទរូប១ វិញ្ញតិរូប២ វិការរូប៣ និងលក្ខណរូប៤។
មហាភូតរូប៤
[កែប្រែ]- បឋវីធាតុ (ធាតុដី) មានលក្ខណៈរឹង។ វត្ថុដែលមានលក្ខណៈរឹងច្រើន គឺដោយសារមានធាតុដីច្រើន។ ធាតុដីមាននៅនឹងកាយ ដូចជា សក់, រោម,បេះដូង,សាច់,ឆ្អឹង ជាដើម។ ធាតុដីដែលមាននៅខាងក្រៅខ្លួន មានដូចជា ដែក, សំណ, កែវ ជាដើម។
- អាបោ (ធាតុទឹក) មានលក្ខណៈរាវ ហូរ ជ្រាប។ ធាតុទឹកដែលមានក្នុងខ្លួន មានដូចជា ទឹកប្រមាត់, ខ្ទុះ, ឈាម, ញើស, ខ្លាញ់ ជាដើម។ ធាតុទឹកដែលនៅខាងក្រៅខ្លួន មានដូចជា ទឹកផ្លែឈើ, ទឹកទន្លេ, ទឹកសមុទ្រ ជាដើម។
- តេជោ (ធាតុភ្លើង) មានលក្ខណៈក្តៅ។ ធាតុភ្លើងខាងក្នុងរាងកាយមានដូចជា ឧស្មាតេជោ គឺភ្លើងដែលធ្វើអោយរាងកាយក្តៅ, បាចកតេជោ គឺភ្លើងសម្រាប់រំលាយអាហារ, ជីរណតេជោ គឺភ្លើងដែលធ្វើអោយរាងកាយទ្រុឌទ្រោម (ចាស់) និងសន្តាបនតេជោ គឺភ្លើងដែលធ្វើអោយក្តៅ (ដែលគេតែងនិយាយថា ក្តៅខ្លួន)។ ចំណែកឯធាតុភ្លើងខាងក្រៅខ្លួន មានដូចជា ភ្លើងឧស, ភ្លើងទាន ជាដើម។
- វាយោ (ធាតុខ្យល់) មានការតឹងជាលក្ខណៈ។ ធាតុខ្យល់ក្នុងខ្លួនមានដូចជា ខ្យល់ក្នុងសន្លាក់(អវយវៈ), ខ្យល់ក្នុងពោះវៀន, ខ្យល់ក្នុងផ្ទៃ, ខ្យល់ដង្ហើម ជាដើម។ ធាតុខ្យល់ខាងក្រៅ មានដូចជា ខ្យល់បក់ពីទិសខាងកើត ជាដើម។
ប្រសាទរូប៥
[កែប្រែ]ប្រសាទរូប ឬបសាទរូប គឺរូបដែលទទួលសម្ផស្សដឹងអារម្មណ៍ មានកែវភ្នែកជាដើម។ ប្រសាទរូបមាន៥ គឺ៖
- ចក្ខុប្រសាទរូប (ប្រស្រីភ្នែក) ។ ចក្ខុប្រសាទរូបនធ ផ្សាយពេញក្រពេញភ្នែករហូតដល់៧ជាន់ក្នុងមណ្ឌលភ្នែក ក្នុងកណ្តាលនៃរង្វង់ភ្នែកខ្មៅដែលព័ទ្ធជុំវិញដោយគ្រាប់ភ្នែកពណ៌ស ដែលត្រូវបានឧបការៈពីធាតុ៤ ដែលធ្វើអោយសើមជានិច្ច អោយមានកំដៅ និងអោយកំរើកទៅមកបាន។ ចក្ខុប្រសាទរូបនេះ មានទំហំប្រមាណប៉ុនក្បាលចៃប៉ុណ្ណោះ ដែលសម្រេចអោយភ្នែកអាចឃើញរូបបាន។
- សោតប្រសាទរូប (ក្រដាសត្រចៀក) បានដល់ប្រសាទនៃត្រចៀកដែលមានភាពថ្លា អាចទទួលសំឡេងជាអារម្មណ៍ រួចក៏បញ្ជូនទៅសោតវិញ្ញាណដើម្បីដឹងថា ជាសំឡេងគួរជាទីរីករាយ ដូចជាសំឡេងសរសើរ, សំលេងចម្រៀង ឬជាសំឡេងដែលមិនជាទីពេញចិត្ត ដូចជាសំឡេងគេជេរ, បន្តុះបង្អាប់, សំឡេងយំជាដើម។ ប្រសាទរូបនេះតាំងនៅក្នុងប្រទេសដែលមានសណ្ឋានដូចវង់ចិញ្ចៀន មានរោមក្រហមល្អិតដុះឡើងខាងក្នុងប្រហោងនៃត្រចៀក។
- ឃានប្រសាទរូប កើតឡើងក្នុងប្រទេសដែលមានសណ្ឋានដូចក្រចកពពែ ខាងក្នុងប្រហោងនៃច្រមុះ សម្រាប់ទទួលខ្យល់ចេញចូលដើម្បីទ្រទ្រង់រាងកាយ និងស្រូបក្លិនផ្សេងៗ។
- ជីវ្ហាប្រសាទរូប កើតឡើងតាំងនៅក្នុងប្រទេសនៃអណ្តាត គឺជាចំណុចគ្រាប់ល្អិតៗដែលមាននៅលើផ្ទៃនៃអណ្តាត សម្រាប់ទទួលរសរបស់អាហារ។
- កាយប្រសាទរូប ជាប្រសាទរូបមួយសម្រាប់ដឹងនូវការប៉ះខ្ទប់ពីវត្ថុខាងក្រៅ។ កាយប្រសាទរូបនេះ មានទីតាំងនៅគ្រប់កន្លែងនៃរាងកាយ វៀរលែងតែ ចុងសក់ ចុងរោម ស្បែកក្រិន។ល។
វិសយរូប៤
[កែប្រែ]- វណ្ណៈ (រូបារម្មណ៍-ពណ៌) សំដៅលើអារម្មណ៍ដែលចក្ខុវិញ្ញាណបានទទួលហើយបញ្ជូនទៅបេះដូងដែលជាទីតាំងនៃមនោវិញ្ញាណ។
- សទ្ទៈ (សទ្ទារម្មណ៍-សំលេង) បានដល់សំលេងដែលជាអារម្មណ៍របស់សោតវិញ្ញាណ។
- គន្ធៈ (គន្ធារម្មណ៍-ក្លិន) បានដល់ក្លិនដែលជាអារម្មណ៍របស់ឃានវិញ្ញាណ។
- រសៈ (រសារម្មណ៍-រស) បានដល់រសដែលជាអារម្មណ៍របស់ជីវ្ហាវិញ្ញាណ។
ភាវរូប២
[កែប្រែ]ភាវៈ២បានដល់ភាពជាស្រី និងភាពជាប្រុស។
- ឥត្ថីភាវរូប (ភេទស្រី) គឺរូបដែលសម្តែងភាពជាស្រី មានភាវៈនៃស្រី គឺភេទស្រី និមិត្ត សំឡេង ទ្រង់ទ្រាយ ឥរិយាបទជាដើម។
- បុរិសភាវរូប (ភេទប្រុស) គឺរូបដែលសម្តែងភាពជាប្រុស មានភាវៈជាប្រុស គឺគេអាចសម្គាល់បានដោយភេទ មានទ្រង់ទ្រាយជាដើម, មានពុកមាត់ ពុកចង្កា, និស្ស័យ គឺការប្រព្រឹត្តផ្សេងៗ, និងឥរិយាបទ មានការដើរ ការឈរជាដើម។
រូបទាំង២នេះជាសុខុមរូប ដែលកើតអំពីកម្មជាមុដ្ឋាន មានទួទំាងសរីរៈទាំងអស់ដូចជាកាយិន្ទ្រិយ។
ហទយរូប១
[កែប្រែ]- ហទយវត្ថុ (បេះដូង) បេះដូងគឺជាចំណែកដុំសាច់ដែលមនុស្សសត្វទាំងឡាយមិនអាចខ្វាស់វាបាន។ វាមាននាទីលោត ច្របាច់ឈាមបញ្ជូនទៅផ្នែកផ្សេងៗនៃរាងកាយ។ បេះដូងរបស់មនុស្សពេញវ័យដែលមានសុខភាពល្អ ជាធម្មតាលោតពី៦០ទៅ១០០ដងក្នុងមួយនាទី [១]។ បេះដូងនេះក៏ជាទីអាស្រ័យដ៏សំខាន់មួយរបស់ចិត្ត។
ជីវិតរូប១
[កែប្រែ]ជីវិតគឺការប្រជុំនៃសភាវរសទាំងឡាយ ជាដំណើររស់នៅ ជាអាយុរបស់មនុស្ស សត្វទាំងឡាយ។
- ជីវិតិន្ទ្រិយ ឥន្ទ្រិយគឺជីវិត អំណាចនៃជីវិត កម្លាំងជីវិត។ ជីវិតិន្ទ្រិយគឺជាទីអាស្រ័យនៃសហជាតរូបទាំងឡាយ។
អាហាររូប១
[កែប្រែ]- កវលិង្ការាហារ (អាហារជាដុំពំនួត) អាហារគឺគ្រឿងសំរាប់ចម្អែតអាត្មា[២] សំរាប់បរិភោគដែលមនុស្ស សត្វត្រូវការជាចាំបាច់ដើម្បីចិញ្ចឹមរាងកាយអោយចម្រើន មានកម្លាំង ធំធាត់ និងទ្រទ្រង់ជីវិតតទៅ។ ឈ្មោះថាអាហារនោះ គឺសំដៅយកបាយ បន្លែ ត្រី សាច់ជាដើម។
បរិច្ឆេទរូប១
[កែប្រែ]- អាកាសធាតុ អាកាសគឺសំដៅយកលំហ ចន្លោះទទេ លំហមេឃ ជាចន្លោះទទេរវាងរូបនិងរូប ជាចន្លោះប្រហោងដែលខ្យល់អាចចេញចូលបាន។ គេអាចនិយាយបានថា អាកាសធាតុគឺការរាប់បញ្ចូលនូវធាតុ៥ គឺ ដី ទឹក ភ្លើង ខ្យល់ និងអាកាស[៣]។ ពាក្យថាអាកាសធាតុនេះ ខ្មែរយើងតែងសំដៅលើសីតុណ្ហភាពក្នុងលំហ ដែលផ្សព្វផ្សាយមកប៉ះលើខ្លួនយើង។
វិញ្ញត្តិរូប២
[កែប្រែ]- កាយវិញ្ញត្តិ
- វចីវិញ្ញត្តិ
វិការរូប៣
[កែប្រែ]- លហុតា
- មុទុតា
- កម្មញ្ញតា
លក្ខណរូប៤
[កែប្រែ]- ឧបចយៈ
- សន្តតិ
- ជរតា
- អនិច្ចតា
ឯកសារយោង
[កែប្រែ]- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2013-02-14. Retrieved 2013-03-05.
- ↑ http://km.wiktionary.org/wiki/%E1%9E%A2%E1%9E%B6%E1%9E%A0%E1%9E%B6%E1%9E%9A
- ↑ http://km.wiktionary.org/wiki/%E1%9E%A2%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9F