វីតាមីន
បន្លែផ្លែឈើជាប្រភពនៃវិតាមីន |
វីតាមីន(Vitamin) រឺ ជីវជាតិ មានច្រើនប្រភេទដូចជា៖ វីតាមីន A, B1, B2, B3, B5, B6 ជាដើម។
- ១. វីតាមីន A : ភាគច្រើន មាននៅក្នុងបន្លែស្លឹកពណ៌បៃតង ប៉ុន្តែវាអាចត្រូវបានបាត់បង់អស់ ១/៣ ប្រសិនបើត្រូវអុកស៊ីសែន និងពន្លឺថ្ងៃ ថ្លើមសត្វ ស៊ុតក្រហម ផលិតផលពីទឹកដោះគោ ត្រីសម្បូរខ្លាញ់ និងបន្លែពណ៌បៃតង និងលឿង។
អាការកង្វះវីតាមីនA : ស្បែកស្ងួត និងគគ្រើម ក្រចកស្រួយ ងាយនឹងបាក់ និងមានចំណុចសៗ បើមានកង្វះវីតាមីន A ខ្លាំង ភ្នែកនឹងមើលមិនសូវឃើញនៅពេលយប់ (ខ្វាក់មាន់) បើបណ្ដោយយូរៗទៅ អាចងងឹតភ្នែកបាន។
- ២. វីតាមីន B1 : វីតាមីននេះ នឹងត្រូវបំផ្លាញបានដោយងាយ នៅពេលត្រូវកម្ដៅ និងអុកស៊ីសែន ឬក្នុងពេលដាំស្ល ក៏ធ្វើឲ្យវីតាមីននេះបាត់បង់ប្រមាណ៣០%ដែរ។
ដូច្នេះ មិនត្រូវលាងបន្លែយូរពេកទេ ហើយគួរប្រើវិធីចំហុយ។ វីតាមីន B1 មានច្រើននៅក្នុងសណ្ដែកគ្រប់ប្រភេទ អង្ករសំរូប កន្ទក់ សាច់ជ្រូក និងពងមាន់ - ទា។
កង្វះវីតាមីន B1 : ធ្វើឲ្យការដុតបំផ្លាញកាបូអ៊ីដ្រាត មិនបានល្អ ធុញអាហារ ឆាប់មានអារម្មណ៍ឆេវឆាវ មួម៉ៅ អស់កម្លាំង ឬរមាស់ដៃជើង។ បើមានបញ្ហាកង្វះវីតាមីន B1 ច្រើន អាចធ្វើឲ្យខ្សោយបេះដូង និងដំបៅសាច់ដុំ។
- ៣. វីតាមីន B2 : ងាយបាត់បង់នៅក្នុងទឹក ដូចនេះគួរបរិភោគទឹកស្ងោរអាហារឬបន្លែទាំងនោះផង។ ពន្លឺ ក៏អាចបំផ្លាញវីតាមីននេះដែរ គួររក្សាទុកនៅកន្លែងងងឹត។ វីតាមីន B2 មានច្រើននៅក្នុងថ្លើម សាច់មាន់ ទឹកដោះគោ ស៊ុត និងធញ្ញជាតិ។
អាការកង្វះវីតាមីន B2 : ដំបៅរង្វះមាត់ រលាកអណ្ដាត និងមាត់ និងជំងឺកង្វះឈាមក្រហម (Anemia)។
- ៤.វីតាមីន B3 ឬណៃអាស៊ីន (Niacin) B3 : ការទទួលទានថ្នាំ L-Dopa ប៉ារ៉ាសេតាម៉ុល និង ដៃអាសេប៉ាម (Diazepam) អាចធ្វើឲ្យរាងកាយខ្វះវីតាមីន B3 ។ វីតាមីន B3 ច្រើនមាននៅក្នុងត្រីមានខ្លាញ់ សាច់មាន់ ថ្លើម សណ្ដែកស្ងួត និងធញ្ញជាតិសំបក។ អ្នកដែលទទួលទានអាហារបួស ឬអាហារដែលមានប្រូតេអ៊ីនតិច អាចមានកង្វះវីតាមីន B3 ធ្វើឲ្យមានអាការស្រងូតស្រងាត់ ស្បែកស្ងួត ប្រេះស្រកា អស់កម្លាំង និងគេងមិនលក់។
- ៥. វីតាមីន B5 : ការចម្អិន ធ្វើឲ្យវីតាមីន B5 បាត់បង់ដល់ទៅ៥០% ហើយបើក្លាស្សេរឹងវិញ នឹងធ្វើឲ្យបាត់បង់វីតាមីននេះ ដល់ទៅ៨០%។ ដូច្នេះ គួរទទួលទានអាហារស្រស់ជានិច្ច។ វីតាមីននេះ មានច្រើននៅក្នុងបន្លែស្ទើរគ្រប់មុខ ផលិតផលពីសាច់សត្វ ត្រី ស៊ុតក្រហម បន្លែស្លឹកពណ៌បៃតង និងធញ្ញជាតិ។
ក្រុមដែលប្រឈមមុខនឹងកង្វះវីតាមីននេះ គឺអ្នកដែលមានបញ្ហាកង្វះជីវជាតិអាហារ អ្នកជំងឺទឹកនោមផ្អែម អ្នកកីឡា និងអ្នកដែលប្រើកម្លាំងច្រើន ដែលធ្វើឲ្យមានអាការល្ហិតល្ហៃ សាច់ដុំកន្ត្រាក់ ក្អួតចង្អោរ ឈឺក្បាល និង ឈឺពោះ។
- ៦. វីតាមីន B6 : វីតាមីន B6 មានច្រើននៅក្នុងសាច់សត្វ ទា មាន់ គោ ជ្រូក ស៊ុត ត្រី និងទឹកដោះគោ។
អាការកង្វះវីតាមីន B6 : គេងមិនលក់ ងាយឆ្លងរោគ អស់កម្លាំង មានបញ្ហាស្បែកបបូរមាត់ប្រេះបែក អណ្ដាត និង មាត់រលាក៕